we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......

Tuesday, June 24, 2014

លោក ​​ស៊ូ​ប៊ែ​​ឌី​ ជំរុញ​​ឲ្យ​​


លោក ​​ស៊ូ​ប៊ែ​​ឌី​ ជំរុញ​​ឲ្យ​​មាន​​កំណែ​ទម្រង់​​ពិតប្រាកដ​​និង​​ឆាប់​រហ័ស​​នៅ​​កម្ពុជា

លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី នៅក្នុងសន្និសីទស្តីពីការបោះឆ្នោត
លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី នៅក្នុងសន្និសីទស្តីពីការបោះឆ្នោត
RFI/Siv Channa

ដោយ ប៉ែន បូណា
ក្នុង​សន្និសីទកាសែត​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ​របស់ខ្លួន​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ស៊ូ​ប៊ែ​ឌី បាន​ស្វាគមន៍​ចំពោះ​កំណែទម្រង់​បោះឆ្នោត​ដែល​ភាគី​នានា​កំពុង​ពិភាក្សា​នៅពេលនេះ។ ប៉ុន្តែ លោក​ព្រមាន​ថា ប្រសិនបើ​កំណែទម្រង់​ពិតប្រាកដ​នានា​មិនត្រូវ​បានធ្វើ​ឲ្យ​ឆាប់រហ័ស​ទេនោះ កម្ពុជា​នឹង​ប្រថុយប្រថាន​ចំពោះ​ការវិលត្រឡប់​នៃ​អំពើហិង្សា។

សេចក្តីរាយការណ៍របស់ប៉ែន បូណា
អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ស៊ូ​ប៊ែ​ឌី បានកត់សម្គាល់​បញ្ហា​ជាច្រើន​ក្នុងចំណោម​អនុសាសន៍​ទាំង៤ចំណុច​ដែល​លោក​បាន​ដាក់ជូន​រដ្ឋាភិបាល។ ទាក់ទង​នឹង​កំណែទម្រង់​បោះឆ្នោត លោក​បាន​សម្តែង​ការ​ត្រេកអរ​ដែល​អនុសាសន៍រ​បស់​ខ្លួន​បាន​ក្លាយជា​របៀបវារៈ​ថ្នាក់ជាតិ​ដែល​ភាគី​នានា​កំពុង​ពិភាក្សា​យ៉ាង​ផុសផុល។
អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​សង្ឃឹមថា គណបក្ស​ទាំងពីរ​នឹង​សម្រេចបាន​កំណែ​ទម្រង់​ពិតប្រាកដ​មួយ​ជាពិសេស​ទាក់ទង​នឹង​ឯករាជភាព​របស់ គ.ជ.ប ដើម្បី​បញ្ចៀស​បញ្ហា​ដូចដែល​បានកើត​ឡើង​កាលពី​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ កន្លងទៅ។ ទាក់ទង​នឹង​កំណែទម្រង់​ប្រព័ន្ធតុលាការ​វិញ លោក​បាន​ស្វាគមន៍​ការអនុម័ត​ច្បាប់​សំខាន់​ទាំងបី។ លោក​អះអាងថា ច្បាប់​ទាំងបី​មាន​សារសំខាន់​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ប៉ុន្តែ លោក​សម្តែង​ការព្រួយបារម្ភ​ថា បញ្ញត្តិ​មួយចំនួន​នៃ​ច្បាប់​ទាំង​នោះ​បាន​ក្លាយជា​ឧបសគ្គ​ដល់​ឯករាជភាព​របស់​តុលាការ ជាពិសេស​អំណាចនីតិប្រតិបត្តិដែល​នឹងមាន​ឥទ្ធិពល​ទៅលើ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។

ចំពោះ​កំណែទម្រង់​រដ្ឋសភា​វិញ លោក ស៊ូ​ប៊ែ​ឌី ទទួលស្គាល់ថា ក្នុង​របប​ប្រជាធិបតេយ្យ គណបក្ស​ឈ្នះឆ្នោត​ត្រូវ​ដឹកនាំ​ប្រទេស និង​បាន​សាទរ​ចំពោះ​ការចរចា​អំពី​ការបែងចែក​អំណាច​នៅក្នុង​សភា។ ប៉ុន្តែ លោក​បានស្នើ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ទទួលយក​បន្ថែមទៀត​នូវ​សំណើ​នានា​ស្តីពី​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត។ លោក​ក៏បាន​ស្នើ​ឲ្យ​បក្សប្រឆាំង​មាន​ហេតុផល​សមរម្យ​និង​ភាពប្រាកដនិយម​ក្នុង​ការចរចា និង​ត្រូវ​បង្កើន​ភាព​អត់ធ្មត់​ក្នុង​ទំនាក់ទំនង​ជាតិ​សាសន៍។ លោក​ក៏បាន​បញ្ជាក់​ពី​សារសំខាន់​ក្នុង​ការចូល​អង្គុយ​ក្នុង​រដ្ឋសភា​របស់​គណ​បក្សប្រឆាំង​ផងដែរ។

ទាក់ទង​នឹង​កំណែទម្រង់​ដីធ្លី លោក ស៊ូ​ប៊ែ​ឌី បាន​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា ប៉ុន្តែ លោក​នៅតែ​ព្រួយបារម្ភ​អំពី​តម្លាភាព​ក្នុងការ​ដោះស្រាយ​ទំនាស់។ លោក​បានលើកឡើង​អំពី​ករណី​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាច្រើន ដូចជា​នៅ​បឹងកក់ បូរី​កីឡា និង​ជម្លោះដីធ្លី​តាម​បណ្តា​ខេត្ត​ជាច្រើន​ទៀត​ដែល​នៅ​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ។

ក្រៅពី​បញ្ហា​ទាំង៤ដែល​បាន​គ្រោងទុក លោក​ស៊ូ​ប៊ែ​ឌី ក៏បាន​លើកឡើង​ផងដែរ​ទាក់ទង​នឹង​លំហ​ប្រជាធិបតេយ្យ​ដែល​កាន់តែ​រួម​តូច​ដោយសារ​ការបិទ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ។ ទាក់ទង​នឹង​សិទ្ធិ​ការងារ​វិញ លោក​បាន​សាទរ​ចំពោះ​ការវិវឌ្ឍ​នានា​ទាក់ទង​នឹង​កិច្ចចរចា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា។ ប៉ុន្តែ លោក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ការគំរាមកំហែង​ចំពោះ​សកម្មជន​សហជីព។

ជា​សេចក្តីសន្និដ្ឋាន លោក ស៊ូ​ប៊ែ​ឌី កត់សម្គាល់ថា កំណែទម្រង់​ពិតប្រាកដ​មួយ​គឺជា​រឿង​មិន​អាច​ចៀសផុត​ទេ​នៅ​កម្ពុជា។ ប៉ុន្តែ វា​ហាក់ដូចជា​នៅមាន​ភាពស្ទាក់ស្ទើរ និង​កង្វះ​ឆន្ទៈ​ស្មោះត្រង់​​​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កំណែទម្រង់​ទាំងនោះ។ លោក​ព្រមាន​ថា ប្រសិនបើ​កំណែទម្រង់​ពិតប្រាកដ​មិនត្រូវ​បានធ្វើ​ឲ្យ​ឆាប់រហ័ស​ទេនោះ ប្រទេស​កម្ពុជា​មានការ​ប្រថុយ​ប្រថាន​ចំពោះ​ការវិលត្រឡប់​នៃ​អំពើហិង្សា។ មន្ត្រី​រដ្ឋាភិបាល​មិនទាន់​អាចទាក់ទង​សុំ​ប្រតិកម្ម​តប​ទៅនឹង​ការលើកឡើង​របស់លោក​ស៊ូ​ប៊ែ​ឌី​បាន​នៅឡើយ​ទេ​នៅភ្លាមៗនេះ៕

0 comments:

Post a Comment