គណបក្សសង្គ្រោះជាតិ ស្នើឲ្យគណបក្សប្រជាជនកម្ពុជា បញ្ឈប់បញ្ជូនសកម្មជនគណបក្សទៅអុកឡុករំខានដល់ការប្រមូលផ្តុំរបស់គណបក្សប្រឆាំង នៅតាមទីធ្លាសាធារណៈ ក្នុងគ្រប់ខេត្តក្រុងទូទាំងប្រទេស។
សំណើនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនគណបក្សកាន់អំណាច កាលពីថ្ងៃទី១៩ មិថុនា បានស្រែករំខាន និងប្រើហិង្សាដាក់សកម្មជនគណបក្សសង្គ្រោះជាតិ នៅពេល លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ យកជំនួយជាថវិកា និងថ្នាំពេទ្យ ទៅចែកជូនពលករខ្មែរនៅខេត្តបន្ទាយមានជ័យ ដែលត្រូវយោធាថៃ ចាប់បញ្ជូនមកកម្ពុជា វិញ។
លោក កឹម សុខា ព្រមានថា ប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជា នឹងបន្តធ្លាក់ចុះទៀត ប្រសិនបើគណបក្សកាន់អំណាចនេះបន្តប្រើប្រាស់សកម្មជន ទៅរារាំងការការជួបជុំរបស់គណបក្សប្រឆាំង។ គណបក្សសង្គ្រោះជាតិ ចាត់ទុកថា ទង្វើនេះជាការរើសអើងប្រកាន់បក្ខពួក ដែលអាចនាំឲ្យមានការបែកបាក់ជាតិ។
លោក កឹម សុខា៖ «សុំឲ្យគណបក្សប្រជាជនកម្ពុជា កែខ្លួនឡើង កុំធ្វើអំពើថោកទាបមិនអាចជួយស្ដារគណបក្សប្រជាជនកម្ពុជា ឲ្យមានប្រជាប្រិយភាពឡើងវិញទេ បើគណបក្សប្រជាជនចង់មានប្រជាប្រិយភាពឡើងវិញ ទាល់តែគណបក្សប្រជាជនហ្នឹងកែគំនិតឡើង»។
លោក កឹម សុខា បន្តទៀតថា ប្រតិភូគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ មិថុនា មិនអាចផ្តល់អំណោយ និងថ្នាំពេទ្យឲ្យគ្រប់ចំនួនដល់ពលករចំនួន ១ពាន់នាក់បានទេ ដោយសារមានការរំខាន និងអុកឡុកពីសំណាក់សកម្មជនគណបក្សកាន់អំណាច។ ការរំខាននេះ បណ្ដាលឲ្យសកម្មជនគណបក្សទាំងពីរ ប្រទូសរ៉ាយនឹងគ្នាមួយរយៈពេលខ្លី ប៉ុន្តែមិនបានបណ្ដាលឲ្យភាគីទាំងសងខាងមានរបួសឡើយ។ លោក កឹម សុខា បញ្ជាក់ថា នៅពេលប្រឈមមុខដាក់គ្នានោះ សកម្មជនគណបក្សកាន់អំណាច បានប្រើប្រាស់ម្សៅពណ៌គប់ទៅលើក្បួនរថយន្ត និងស្រែកប្រមាថសកម្មជនគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ អះអាងថា សកម្មជនគណបក្សប្រឆាំងនឹងបន្តចែកជូនអំណោយរហូតដល់គ្រប់ចំនួនពលករ ១ពាន់នាក់ទើបឈប់។
ចាប់ពីដើមខែមិថុនា រហូតដល់ថ្ងៃទី១៩ មិថុនា ពលករជាង ២សែន ២ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជា វិញ ដោយពលករភាគច្រើនត្រូវបានទាហានថៃ ចាប់បញ្ជូន។ ពលករបានសម្ដែងក្តីបារម្ភពីអនាគតពួកគេនៅកម្ពុជា ដោយសារភាគច្រើនគ្មានការងារ និងផ្ទះសម្បែងរស់នៅ។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានប្រសាសន៍កាលពីថ្ងៃទី១៨ មិថុនា ថា អាជ្ញាធរខេត្តអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ អាចមើលទិដ្ឋភាពពលករនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែមិនអនុញ្ញាតឲ្យចុះសួរសុខទុក្ខ។
តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បដិសេធថា គណបក្សប្រជាជនកម្ពុជា និងសកម្មជនគណបក្ស មិនទៅរំខានគណបក្សសង្គ្រោះជាតិ ប៉ុន្តែសកម្មភាពនោះជាការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា៖ «គេមិនទៅរំខានគាត់ទេ បើគាត់មិនទៅរំខានសតិអារម្មណ៍របស់គេ។ គាត់មានតែទៅស្តីបន្ទោសអ្នកនេះ ស្តីបន្ទោសអ្នកនោះ គាត់មានរួមចំណែកអ្វីខ្លះទៅលើពលរដ្ឋទាំងនោះ។ មានតែទៅរកប្រជាប្រិយភាពដោយដាក់កំហុសទៅលើរដ្ឋាភិបាល»។
ការរំខានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា នោះ មិនមែនជាលើកទីមួយទេ។ សកម្មជនគណបក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមធ្វើការរំខានការប្រមូលផ្តុំរបស់គណបក្សសង្គ្រោះជាតិ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យសកម្មជនគណបក្សឆ្លើយតប និងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។
ការប្រឈមមុខដាក់គ្នារវាងសកម្មជនគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្វើឡើងនៅពេលមេដឹកនាំគណបក្សទាំងពីរ បន្តបរាជ័យដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ គណបក្សជាប់ឆ្នោតទាំងពីរនៅមិនទាន់កំណត់ពេលជួបចរចាជាថ្មីម្តងទៀតទេ ក្រោយពេលក្រុមចរចាគណបក្សទាំងពីរមិនអាចសម្របសម្រួលបញ្ហាបង្កើតអង្គភាពបោះឆ្នោតឯករាជ្យមួយបាន កាលពីដើមខែមិថុនា៕
0 comments:
Post a Comment