នៅក្នុងព្រឹត្តិការណ៍ Google I/O កាលពីយប់មិញនេះ យើសង្កេតឃើញថាមានភាពគគ្រឹកគគ្រេងណាស់ ដោយ Google បានចំណាយពេលដល់ទៅពីរម៉ោងជាងឯណោះ ដើម្បីធ្វើបទបង្ហាញថ្មីៗ អោយអ្នកអភិវឌ្ឍន៍ Software ក៏ដូចជាប្រជាជនពិភពលោកបានឃើញពីសមិទ្ធផលថ្មីៗរបស់ខ្លួន។ ដោយឡែក ប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ Google គឺជាប្រព័ន្ធប្រតិបត្តិការណ៍សម្រាប់ទូរស័ព្ទ ដែលស្ថិតនៅលំដាប់កំពូលមួយ ដែលសព្វថ្ងៃនេះវាកំពុងតែប្រើប្រាស់លើទូរស័ព្ទដល់ទៅ 1 ពាន់លាន គ្រឿងឯណោះ។ នៅក្នុងព្រឹត្តិការណ៍ Google I/O នេះ Google បានបង្ហើបអោយឃើញពីចំណុចពិសេសៗមួយចំនួនរបស់ប្រព័ន្ធប្រតិបត្តិការណ៍ Android ជំនាន់ថ្មី ដែលវាពោរពេញទៅដោយចំណុចពិសេសៗជាច្រើន។
1. រចនាបថថ្មី: យើងអាចកត់សំគាល់ឃើញថា ប្រព័ន្ធប្រតិបត្តិការណ៍ Android ជំនាន់ថ្មីនេះ វាមានពណ៌រាងចាស់ជាងមុន ដែលងាយស្រួលក្នុងការមើល ហើយនិងត្រជាក់ភ្នែក។ Google បានហៅរចនាបថថ្មីនេះឈ្មោះថា Material ដែលវាលាយឡំនឹងរចនាបថ 3D ខ្លះៗ មិនមែនសំប៉ែតដូច Kitkat ទេ។
2. ស្រមោល: Google បានបន្ថែមកូដពិសេស ដែលវាអាចប៉ាន់ស្មានពីស្រមោលរបស់កម្មវិធី និង Widget នៅលើផ្ទៃអេក្រង់នីមួយៗបានយ៉ាងល្អ។ ដូច្នេះការប្រើប្រាស់កាន់តែរស់រវើក និងទាក់ទាញភ្នែកជាងមុន ជាមួយនឹង Real-time Shadows (ស្រមោល) ។
3. ប៊ូតុងបញ្ជា ត្រូវបានរចនាថ្មី (Navigation soft keys): ចាប់តាំងពី Android 4.0 មក ប៊ូតុងសម្រាប់បញ្ជាថយក្រោយ និងប៊ូតុង Home គឺមានរចនាបថស្រដៀងៗគ្នាជានិច្ច ប៉ុន្តែនៅក្នុងជំនាន់ Android 5.0 នេះ Google បានផ្លាស់ប្តូរវាអោយកាន់តែស្រស់ស្អាត និងទាក់ទាញជាងមុន។ Google បានប្រើទ្រង់ទ្រាយ ការ៉េ រង្វង់មូល និងត្រីកោណយកប្រើប្រាស់ ដែលវាមានភាពសាមញ្ញ និងស្អាត។
4. មានទំនាក់ទំនងរវាង ថេប្លេត និងកុំព្យូទ័រកាន់តែងាយស្រួល: Google ចង់អោយយើងកាន់តែមានភាពស្និទ្ធស្នាលជាមុនរវាង ស្មាតហ្វូនទៅនឹង ថេប្លេត រឺក៏ កុំព្យូទ័ររបស់យើងជាងមុន។ Google បានកែសម្រួលផ្ទៃអ៊ីនធឺហ្វេសរបស់ឧបករណ៍ទាំងនេះ អោយងាយស្រួលជាងមុន។
5. កែប្រែរចនាបថ Gmail: កែប្រែអោយកាន់តែសាមញ្ញ និងមានអ៊ីនធឺហ្វេសស៊ីគ្នាជាមួយនឹង ផ្ទៃអេក្រង់របស់ ប្រព័ន្ធប្រតិបត្តិការណ៍ Android 5.0
6. សារដំណឹងផ្សេងៗនឹងបង្ហាញនៅផ្នែកខាងលើនៃទូរស័ព្ទ: វាស្រដៀងទៅនឹងប្រព័ន្ធប្រតិបត្តិការណ៍ iOS ដែរ ដែលយើងអាចឆ្លើយតបការហៅចូល ឆ្លើយសារយ៉ាងឆាប់រហ័ស មិនចាំបាច់កម្មវិធីដែលយើងកំពុងប្រើប្រាស់ឡើយ។
7. រចនាបថសារបង្ហាញដំណឹងថ្មីនៅផ្ទៃអេក្រង់ចាក់សោរ: ជាធម្មតា នៅពេលដែលមាននរណាម្នាក់ផ្ញើរសារក្នុងហ្វេសប៊ុក រឺ Instagram វានឹងបង្ហាញនៅកន្លែង Notification Center ដែលតម្រូវអោយយើងអូសចុះក្រោម។ ប៉ុន្តែជំនាន់ថ្មីនេះ វានឹងបង្ហាញនៅផ្ទៃខាងមុខនៃទូរស័ព្ទតែម្តង។
8. 3D multitasking: វាបង្ហាញជាលក្ខណៈ 3D មានស្រមោល ដែលមានភាពទាក់ទាញខ្ពស់ ខុសពី Android មុនៗ ដែលមានលក្ខណៈដូចជាសន្លឹកក្រដាស
9. បើកផ្នែកណាមួយនៃកម្មវិធីតាមរយៈ Google Now: យើងធ្លាប់ដឹងរួចមកហើយថា Google Now ជាមុខងារជំនួយការដោយសម្លេងមួយដែលប្រើសម្រាប់ស្វែងរកព៌តមាននៅលើអ៊ីនធឺណែត តែឥលូវនេះ យើងអាចប្រើវាដើម្បីបញ្ជាកម្មវិធីផ្សេងបាន។
10. ទ្រាំទ្រជាមួយវិស្វកម្មស៊ីភីយូ 64-bit: ជាក់ស្តែងវិស្វកម្មស៊ីភីយូ 64-bit មិនសូវមានសារៈសំខាន់ប៉ុន្មាននោះទេ ប៉ុន្តែដោយសារតែ Apple បានបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ iOS ដែលអាចដំណើរការដោយ 64-bit ហើយនោះ Google ក៏មិនអាចបង្អង់យូរដែរ។
11. បង្កើនសមត្ថភាពដំណើរការជាមួយ GPU: ប្រព័ន្ធប្រតិបត្តិការណ៍នេះ អាចដំណើរការជាមួយ GPU បានកាន់តែល្អ និងដើររហ័សជាងមុន ដែលអំណោយផលរាល់ការលេងហ្គេម។
12. ប្រើប្រាស់ ART runtime: ក្នុងជំនាន់ Android kitkat 4.4.2 Google បានប្រើប្រាស់វិស្វកម្ម Dalvik runtime ដែលមិនសូវជាមានលក្ខណៈពិសេស និងសន្សំសំចៃដូច ART runtime ទេ
13. ភ្ជាប់ទំនាក់ទំនងជាមួយនាឡិកាឆ្លាតបានកាន់តែងាយស្រួល: យើងអាចដោះសារ និងបញ្ជាមុខងារផ្សេងៗនៅលើទូរស័ព្ទរបស់យើងបាន ដោយប្រើនាឡិកាឆ្លាតដែលដំណើរការដោយ Android Wear។
14. អាចផ្ទេរសម្លេងតាមរយៈខ្សែរ USB: ឥលូវនេះ យើងអាចផ្ទេរសម្លេងរបស់ទូរស័ព្ទតាមរយៈខ្សែ USB បាន ដូចទៅនឹងកុំព្យូទ័រដែរ។
15: បង្កើនថាមពលថ្ម: ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនេះ មានភាពវៃឆ្លាត អាចសន្សំសំចៃថ្មបានច្រើនជាងប្រព័ន្ធប្រតិបត្តិការណ៍ Android 4.4 ទៅទៀត
16. ទ្រាំទ្រជាមួយ Bluetooth 4.1: កាលពីប៉ុន្មានខែមុន គេបានបង្កើតប្រព័ន្ធ Bluetooth 4.1 ឡើង ហើយនៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ Android ជំនាន់ថ្មីនេះវិញ វាអាចទ្រាំទ្រជាមួយនឹង Hardware Bluetooth 4.1 ហើយ។
17. Android Auto: ប្រើដើម្បីទំនាក់ទំនងជាមួយរថយន្ត ដែលយើងអាចសាកសួរពីផែនទី ទីតាំង រឺក៏ព៌តមានផ្សេងៗ។
18. Android TV: Google បានបង្កើតឧបករណ៍មួយ ប្រើជាមួយទូរទស្សន៍ដែលវាអាចធ្វើអោយទូរទស្សន៍របស់យើងកាន់តែមានលក្ខណៈទំនើបជាងមុន អាចលេងហ្គេម Android បាន អាចបើកអ៊ីនធឺណែតជាដើម។ យើងក៏អាចបញ្ជាទូរទស្សន៍ Android នេះដោយប្រើទូរស័ព្ទ រឺថេប្លេតដែលដំណើរការដោយ Android 5.0 នេះបានផងដែរ។
សូមទស្សនាខ្សែវីដេអូខាងក្រោមនេះ ពីលក្ខណៈពិសេសរបស់ Android 5.0 ជំនាន់សាកល្បង
0 comments:
Post a Comment