we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......

Saturday, June 21, 2014

ជនជាតិ​ដើម​ព្នង​មិន​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ភរិយា​អភិបាល​រង​ខេត្ត​មណ្ឌលគិរី

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ព្នង សហគមន៍​ឡៅកា សង្កាត់​រមនា ក្រុង​សែនមនោរម្យ បដិសេធ​មិន​ទទួល​យក​ដំណោះស្រាយ​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​ភរិយា​អភិបាល​រង​ខេត្ត​មណ្ឌលគិរី គឺ​លោក យឹម លុច នោះ​ទេ ដោយសារ​តែ​ប្រាក់​សំណង​នោះ​មិន​សមស្រប​តាម​តម្លៃ​ទីផ្សារ។ ម្យ៉ាង​ទៀត ប្រាក់​សំណង​នោះ​បាន​ភ្ជាប់​លក្ខខណ្ឌ​ឲ្យ​ប្រជាពលរដ្ឋ​ប្រគល់​ដី​សហគមន៍​ទៅ​ឲ្យ​ក្រុមហ៊ុន។
អាជ្ញាធរ​ក្រុង​សែនមនោរម្យ មិន​ទទួល​បាន​លទ្ធផល​ក្នុង​ការ​សម្រប​សម្រួល​ផ្តល់​សំណង​ជា​ប្រាក់​ពី​ក្រុមហ៊ុន វីឡេក ឌឹវឺឡប់មែន (Village Development) ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ឡៅកា នោះ​ឡើយ។
កាល​ពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មិថុនា មន្ត្រី​អាជ្ញាធរ​ក្រុង​សែនមនោរម្យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​សង្កាត់​រមនា បាន​ជួប​ពិភាក្សា​គ្នា​លើក​ទី​បី សម្រប​សម្រួល​ផ្តល់​សំណង​ជា​ប្រាក់ ៨​ម៉ឺន​រៀល សម្រាប់​ដើម​ឈើ​ផលិត​ទឹក​ជ័រ ឬ​ដើម​ជ័រ​ច្បោះ​មួយ​ដើម​របស់​អ្នក​ភូមិ ដែល​ក្រុមហ៊ុន​បាន​កាប់​រំលំ ក៏ប៉ុន្តែ​អ្នក​ភូមិ​ទាមទារ​ប្រាក់​សំណង​នោះ​មួយ​ដើម​រហូត​ដល់​ទៅ ៩០​ម៉ឺន​រៀល។
តំណាង​អ្នក​ភូមិ អ្នកស្រី ក្វើង ទុំ ចាត់​ទុក​ការ​សម្រប​សម្រួល​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មិន​បាន​ផ្តល់​តម្លៃ​សមស្រប​ប្រៀបធៀប​ទៅ​នឹង​ការ​ខូចខាត និង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នោះ​ឡើយ។ ជាមួយ​នោះ​ដែរ ការ​សម្រប​សម្រួល​នៅ​មាន​ភ្ជាប់​លក្ខខណ្ឌ​ឲ្យ​ប្រជាពលរដ្ឋ​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន ប្រសិន​ក្រុមហ៊ុន​ផ្តល់​សំណង​តម្លៃ​ដើម​ច្បោះ​តាម​ការ​ទាមទារ​របស់​អ្នក​ភូមិ។ អ្នកស្រី​បន្ត​ថា អ្នក​ភូមិ​មិន​អាច​ទទួល​យក​លក្ខខណ្ឌ​ប្រគល់​ដី​នោះ​បាន​ទេ ពីព្រោះ​ដី​នោះ​ជា​ដី​ប្រើប្រាស់​លក្ខណៈ​ប្រពៃណី​សមូហភាព​សហគមន៍៖ «យើង​ធ្លាប់​ធ្វើ​ចម្ការ យើង​លក់​តែ​ពោត តើ​យើង​យក​ផល​ប្រយោជន៍​តែ​ពោត​បន្លែ តើ​ដី​យើង​មាន​លក់​ឯណា? ឧទាហរណ៍ ដើម​ជ័រ​ក៏​អ៊ីចឹង​ដែរ ក្រុមហ៊ុន​ប៉ះពាល់​ដើម​ជ័រ​ពួក​ខ្ញុំ សង​ដើម​ជ័រ​ពួក​ខ្ញុំ​ហើយ ពួក​ខ្ញុំ​មិន​និយាយ​រឿង​ដី​ទេ»
សហគមន៍​ភូមិ​ឡៅកា កាល​ពី​ចុង​ឆ្នាំ​២០១៣ បាន​ធ្វើ​ការ​តវ៉ា និង​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន វីឡែក ឌឹវឺឡប់មែន ថា​បាន​ឃុបឃិត​ជាមួយ​អ្នក​ជំនួញ​ឈើ​មួយ​រូប គឺ​ឧកញ៉ា លឹម ប៊ុនណា ចូល​កាប់​ឈើ​ផលិត​ទឹក​ជ័រ​របស់​សហគមន៍​អស់​រាប់​ពាន់​ដើម និង​ឈូស​ឆាយ​ព្រៃ​សហគមន៍​យក​ដី​អស់​ជាង ៣០០​ហិកតារ សម្រាប់​ដាំ​កៅស៊ូ ក៏ប៉ុន្តែ​នៅ​ពេល​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​បាន​មួយ​ចំណែក​ធំ នៅ​សល់​ប្រជាពលរដ្ឋ​ភូមិ​ឡៅកា ៧​គ្រួសារ បន្ត​ប្ដឹង​ទាមទារ​សំណង​ដើម​ច្បោះ​ជាង ៣០០​ដើម និង​ដី​ជាង ៣០​ហិកតារ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​ព្រៃ​សហគមន៍។
នៅ​ក្នុង​កំណត់​ហេតុ​សម្រប​សម្រួល​ចុះ​ថ្ងៃ​ទី​១៧ ខែ​មិថុនា កន្លង​ទៅ​រវាង​អាជ្ញាធរ​ក្រុង​សែនមនោរម្យ និង​តំណាង​សហគមន៍​ឡៅកា ៧​គ្រួសារ អ្នក​ភូមិ​បាន​ព្រមាន​ថា​នឹង​ដុត​គ្រឿងចក្រ​ចោល ប្រសិន​ក្រុមហ៊ុន​បន្ត​ការ​ឈូស​ឆាយ​ជា​ថ្មី​ទៀត។
ទាក់ទិន​ករណី​នេះ អភិបាល​រង​ក្រុង​សែនមនោរម្យ លោក ម្លាំង ឆន ទទួល​ស្គាល់​ថា ដំណោះស្រាយ​បញ្ហា​នេះ​មិន​បាន​លទ្ធផល​ទេ។ ទន្ទឹម​នោះ​ដែរ លោក​ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ភូមិ​កុំ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​ទំនាស់។ បន្ថែម​លើ​នេះ​ទៀត លោក​បាន​ហាម​ឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​អ្វី​ទៀត​ឡើយ ចៀសវាង​ផ្ទុះ​ចេញ​អំពើ​ហិង្សា។ លោក​បន្ត​ថា នឹង​រៀបចំ​របាយការណ៍​ទាំងអស់​នេះ​ជូន​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បន្ត៖ «ខ្ញុំ​ថា​បើ​យើង​ដុត គឺ​ខុស​យើង យើង​និយាយ​តាម​វិធី​ណា​ដែល​និយាយ​ល្អៗ ចៀសវាង​កើត​ទំនាស់​ដូច​នៅ​ប៊ូស្រា ជាដើម អ៊ីចឹង។ ពួក​គាត់​ក៏​មិន​ហ៊ាន​ដុត​ដែរ ខាង​គ្រឿងចក្រ​ក៏​មិន​ហ៊ាន​ឈូស​ដែរ។ ខាង​ប្រជាជន គឺ​គេ​យល់​ព្រម​មួយ​ដើម ៩០​ម៉ឺន​ហ្នឹង គិត​តែ​ដើម​ជ័រ​ទេ ប៉ុន្តែ​ដី​គេ​មិន​ឲ្យ​ទេ ដដែល​ហ្នឹង»
កាល​ពី​ខែ​មករា កន្លង​ទៅ សហគមន៍​ឡៅកា បាន​ដាក់​ពាក្យ​ប្ដឹង​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក យឹម លុច ថា​ជា​ម្ចាស់​ក្រុមហ៊ុន ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី។ បន្ទាប់​មក​នៅ​ខែ​កុម្ភៈ មន្ត្រី​អយ្យការ​បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​អ្នក​ភូមិ​ឡៅកា បី​នាក់ ឲ្យ​ចូល​ទៅ​បំភ្លឺ និង​បង្ហាញ​ភស្តុតាង​ពី​រឿង​ក្តី​នេះ។
ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក សូ សុវិជ្ជា មាន​ប្រសាសន៍​បញ្ជាក់​ថា រឿង​ក្តី​នេះ​ឋិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​ពី​មន្ត្រី​អយ្យការ​នៅ​ឡើយ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា តំណាង​អ្នក​ភូមិ​នឹង​ត្រូវ​ចូល​ខ្លួន​មក​បំភ្លឺ​ករណី​នេះ​ជា​លើក​ទី​២ ដើម្បី​ឲ្យ​មន្ត្រី​អយ្យការ​ប្រមូល​អង្គ​ហេតុ និង​ភស្តុតាង​ជាក់​លាក់ ដើម្បី​ធ្វើ​ការ​សម្រេច​ទៅ​លើ​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ៖ «ចង់​ឲ្យ​គាត់​មក​បំភ្លឺ​ថា តើ​មាន​ភស្តុតាង​ប៉ុណ្ណា​ពាក់ព័ន្ធ​ដើម​ជ័រ​ស្អី​ណា! យើង​មើល​តើ​មាន​ភស្តុតាង​ស្អី​ខ្លះ​សិន​ណា»
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន វីឡេក ឌឹវឺឡប់មែន សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ។
ចំណែក​អភិបាល​រង​ខេត្ត លោក យឹម លុច ធ្លាប់​បាន​បញ្ជាក់​ថា ភរិយា​លោក​ជា​ម្ចាស់​ក្រុមហ៊ុន ចំណែក​លោក​មិន​ជាប់​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​ក្តី​នេះ​ទេ។ លោក​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត ភាគី​ក្រុមហ៊ុន​បាន​រាយការណ៍​ថា​នឹង​ស្វែងរក​ដំណោះស្រាយ​រឿង​ក្តី​នេះ​តាម​ផ្លូវ​តុលាការ​ដូច​គ្នា ដោយសារ​តែ​ការ​សម្រប​សម្រួល​ដល់​ភាព​ទាល់ច្រក៖ «គេ​បាន​ប្ដឹង​ពី​ខ្ញុំ។ ខ្ញុំ​បាន​ធ្វើ​លិខិត​មួយ​បដិសេធ​ថា ខ្ញុំ​ជា​មន្ត្រី​រាជការ ខ្ញុំ​គ្មាន​ដី​គ្មាន​ក្រុមហ៊ុន​ហ្នឹង​ទេ សុំ​ឲ្យ​តុលាការ​ហ្នឹង​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ព្រោះ​នេះ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្ញុំ»
ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) កត់​សម្គាល់​ថា ច្បាប់​ស្ដីពី​សម្បទាន​សេដ្ឋកិច្ច មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បង្ក​ផល​ប៉ះពាល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​សហគមន៍ ជាពិសេស​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កាប់​ដើម​ច្បោះ​អនុផល​ព្រៃ​ឈើ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ឡើយ។ លោក​បន្ត​ថា ក្រុមហ៊ុន​គួរ​ពិចារណា​ផ្តល់​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​តាម​តម្លៃ​ទីផ្សារ និង​ត្រូវ​កាត់​ចេញ​ដី​សហគមន៍​តាម​គោល​នយោបាយ​សម្បទាន​ស្បែក​ខ្លា​ឲ្យ​ប្រជា​សហគមន៍​គ្រប់គ្រង​វិញ៖ «ក្រុមហ៊ុន​មាន​ឆន្ទៈ​ដោះស្រាយ ហើយ​សាលា​ក្រុង សាលា​ខេត្ត ​គាត់​យក​ចិត្ត​ទុក​ដាក់ និង​ស្រឡាញ់​ប្រជាពលរដ្ឋ គាត់​គួរ​តែ​សម្លឹង​ឃើញ​ពី​ផល​វិបាក​របស់​ប្រជាពលរដ្ឋ ព្រោះ​គាត់​ជា​ជនជាតិ​ដើម​ភាគ​តិច។ ធ្វើ​ម៉េច​ឲ្យ​តំណាង​ក្រុមហ៊ុន ឬ​ម្ចាស់​ក្រុមហ៊ុន​ចេញ​មុខ​ធ្វើ​ការ​ដោះស្រាយ​សង​សំណង​ដើម​ជ័រ​ទឹក​ពួក​គាត់​តាម​តម្លៃ​ទីផ្សារ។ រឿង​ដីធ្លី​មិន​អាច​យក​ដីធ្លី​របស់​រដ្ឋ​ទៅ​ធ្វើ​ការ​សម្រប​សម្រួល​ផ្តល់​ដី​ហ្នឹង ទៅ​ឲ្យ​ក្រុមហ៊ុន​ទេ អា​ហ្នឹង​ខុស​នីតិវិធី​ច្បាប់​ហើយ»
យ៉ាង​ណា​ក៏ដោយ តំណាង​សហគមន៍​ឡៅកា នៅ​បន្ត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​លើ​សកម្មភាព​កាប់​រំលំ​ដើម​ច្បោះ​ជាង ៣០០​ដើម​របស់​អ្នក​ភូមិ ប្រគល់​ដី ៣០​ហិកតារ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​មក​សហគមន៍ និង​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ចូល​ដី​ព្រៃ​សហគមន៍​អភិរក្ស​ត​ទៅ​ទៀត៕

0 comments:

Post a Comment