we share for you SHOW4SHARE .............. SHOW4SHARE ........... SHOW4SHARE SHOW4SHARE ......... SHOW4SHARE ............ SHOW4SHARE .......

Thursday, June 19, 2014

មន្ត្រី​អាជ្ញាធរ​ជាប់​ពាក់​ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឡង់

ក្រចេះ/កំពង់ធំៈ សហគមន៍​ព្រៃឡង់ បាន​អះអាង​ថា មន្រ្តី​អាវុធហត្ថ​និង​នគរបាល​ក្នុង ខេត្ត​ក្រចេះ និង​កំពង់ធំ រួម​នឹង​បក្ខ​ពួក​ផ្សេង​ទៀត​កំពុង​ពាក់​ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់ ព្រៃ​ឡង់ ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើ​ការ​បង្រ្កាប​ឡើយ។
លោក ហឿន សុភាព សកម្មជន​ការពារ ព្រៃ​ឡង់ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុម​ល្បាត ព្រៃ​ឡង់ បាន​ប្រទះ​ឃើញ​ត្រាក់ទ័រ និង​គោយន្ត​កៃច្នៃ កំពុង​ដឹក​ឈើ​ប្រណីត​នៅ​ក្នុង ព្រៃ​ឡង់ ត្រង់​ចំណុច វាល​បឹង​ក្នុង ឃុំ​ដង​កំាបិត ស្រុក​សណ្តាន់ កាល​ពី​សប្តាហ៍​មុន។ លើស​ពី​នោះ ក៏​ឃើញ​មាន​ម៉ាស៊ីន​ត្រង់សឺន័រ​សម្រាប់​អារ​កាត់​ច្រៀក​ឈើ​ផង​ដែរ។
លោក សុភាព បញ្ជាក់​ថា៖ «ទាំង​ឈើ​នៅ​ព្រៃ នៅ​លើ​ឡាន និង​លើ​ត្រាក់ទ័រ សរុប​ទាំង​អស់​ប្រហែល​ជា ៥០ ម៉ែត្រគុប ហើយ​តាម​ការ​សាក​សួរ គោយន្ត​នោះ ជា​របស់​នាយ​ប៉ុស្តិ៍​រង សណ្តាន់ ឈ្មោះ ចាន់ មានជ័យ»។
លោក សុភាព បន្ថែម​ថា ឈើ​ទាំង​នោះ មាន​ប្រភេទ កកោះ ឈើ​ទាល ដួង​ចែម និង​ផ្តៀក ជាដើម​ហើយ​ដោយ​គ្មាន​លទ្ធភាព​ដឹក​ជញ្ជូន​យក​ចេញ​បាន​សហគមន៍​បាន​ទាក់​ទង​ទៅ​មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ជួយ​ទៅ​ដឹក ប៉ុន្តែ​បាន​រង់ចាំ​អស់​មួយ​ថ្ងៃ មិន​ឃើញ​ក្រុម​សហគមន៍​ក៏​សម្រេច​ចិត្ត​ទុក​ចោល​នៅ​ក្នុង​ព្រៃ​នោះ។ ចំណែក​ឯ​ម៉ាស៊ីន​ត្រង់សឺន័រ​សហគមន៍​បាន​ដក​ហូត​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ។
ដោយ​ឡែក​នៅ​ក្នុង ខេត្ត​ក្រចេះ វិញ លោក ឯក សុវណ្ណា អាយុ ២៨​ឆ្នាំ ជា​បណ្តាញ​យុវជន ព្រៃ​ឡង់ ក្នុង ខេត្ត​ក្រចេះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្រុម​ល្បាត​ពួក​លោក ៤៤ នាក់​ជិះ​ម៉ូតូ ២៦ គ្រឿង​បាន​ស្ទាក់​ឃាត់​រទេះ​គោ​ចំនួន ១១ គ្រឿង​ដែល​កំពុង​ដឹក​ឈើ​ប្រណីត​ជាង ១១ ម៉ែត្រ​គុប​នៅ​ចំណុច អូរ​សោម​តាពោ ស្ថិត​ក្នុង ឃុំ​កំពង់ចាម ស្រុក​ស្នួល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ ឈើ​ទាំង​នោះ ត្រូវ​បាន​គេ​កាប់​មក​ពី ភ្នំ​ក្រហម ក្នុង​ព្រៃ​ឡង់ ហើយ​ត្រូវ​បុរស​ជា​អ្នក​បរទេះ​ជាង ១០ នាក់​ដឹក​សំដៅ​ទៅ​ឲ្យ​មន្រ្តី​អាវុធហត្ថ​ក្នុង ភូមិ​រកាធំ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ។
លោក សុវណ្ណា បាន​បញ្ជាក់​ថា៖ «អ្នក​បរទេះ​បាន​សារភាព​ថា ឈើ​នោះ​ជា​របស់​ប៉េអឹម​ស្រុក​ឈ្មោះ រ៉ា ហើយ​ពួក​គាត់​គ្រាន់​តែ​ស៊ី​ឈ្នួល​ដឹក​ឲ្យ​ប៉ុណ្ណោះ​ដោយ​ក្នុង ១ ម៉ែត្រ​គុប​តម្លៃ ១០០ ដុល្លារ»។ លោក​បន្ត​ថា ប៉េអឹម​ឈ្មោះ រ៉ា បាន​ជួល​ឲ្យ​គេ​អារ និង​ច្រៀក​ឈើ​កកោះ​ជា​បន្ទះៗ​ហើយ​បាន​ជួល​ឲ្យ​រទេះ​ដឹក​ចេញ​ពី​ព្រៃ ដែល​ទំនង​ជា​ត្រូវ​លក់​ទៅ ប្រទេស​វៀតណាម។
ទោះ​យ៉ាង​ណា សហគមន៍​មិន​បាន​ដក​ហូត​ឈើ​ឬ​ចាប់​ខ្លួន​អ្នក​ដឹក​ឈើ​តាម​រទេះ​គោ​ទាំង​នោះ​ប្រគល់​ឲ្យ​មន្រ្តី​ជំនាញ​ទេ គឺ​គ្រាន់​តែ​ឃាត់​សួរ​នាំ​ពួក​គេ​ជាង​កន្លះ​ម៉ោង​ដើម្បី​អប់រំ​ពួក​គេ​និង​ផ្តិត​មេ​ដៃ​លើ​កំណត់​ហេតុ​តែ​ប៉ុណ្ណោះ កុំ​ឲ្យ​ចូល​រួម​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ដូច្នេះ​ទៀត។
លោក ឯក សុវណ្ណា ថ្លែង​ថា៖ «លើក​នេះ​ប្រើ​ធម៌​ត្រជាក់​សិន តែ​បើ​ឃើញ​លើក​ក្រោយ​ទៀត​នឹង​ប្រើ​ធម៌​ក្តៅ ដោយ​ដក​ហូត ឬ​ចាប់​រួច​ដុត​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង»។
សុវណ្ណា បាន​ឲ្យ​ដឹង​ទៀត​ថា ស្ទើរ​តែ​គ្រប់​ពេល​ចុះ​ល្បាត ព្រៃ​ឡង់ សហគមន៍​តែង​តែ​ឃើញ​ឈើ​របស់​ប៉េអឹម​ឈ្មោះ រ៉ា រហូត​មក ហើយ​ពេល​នេះ ក្រុម​ល្បាត​សហគមន៍​កំពុង​តែ​ទាក់​ទង​ទៅ​អាជ្ញាធរ ដើម្បី​ពន្យល់​និង​ទទួល​ស្គាល់​ពី​សកម្មភាព​របស់​សហគមន៍ និង​ស្នើ​សុំ​កិច្ច​សហការណ៍​នៅ​ពេល​ឃើញ​បទ​ល្មើស​ព្រៃឈើ។
ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ស្វែង​ទាក់ទង​ប៉េអឹម​ឈ្មោះ រ៉ា នេះ​បាន​ទេ កាល​ពី​ម្សិលមិញ។ ទោះ​យ៉ាង​ណា លោក ម៉ៅ រ៉េននី មេ​បញ្ជាការ​រង​អាវុធហត្ថ ខេត្ត​ក្រចេះ បាន​ថ្លែង​ថា ទាំង​មន្រ្តី​អាវុធហត្ថ​ខេត្ត​និង ស្រុក​ព្រែក​ប្រសព្វ អត់​មាន​ឈ្មោះ រ៉ា នោះ​ទេ ហើយ​ក៏​គ្មាន​មន្រ្តី​អាវុធហត្ថ​ណា​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ដែរ។
ចំណែក​លោក ចាន់ មានជ័យ វិញ​បាន​បដិសេធ​ថា លោក​មិន​មាន​គោយន្ត​ដឹក​ឈើ​នោះ​ទេ ហើយ​លោក​ក៏​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ដែរ។ បើ​ទោះ​ជា​លោក មានជ័យ បដិសេធ​យ៉ាង​នេះ​ក្តី ក៏​លោក អ៊ួង សាន់ នាយ​ប៉ុស្តិ៍ សណ្តាន់ បាន​ថ្លែង​ថា គោយន្ត​នោះ​ជា​របស់​លោក ចាន់ មានជ័យ ដែល​ត្រូវ​បាន​គេ​ជួល​ដឹក​ឈើ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ទី​នោះ។ ប៉ុន្តែ​លោក​មិន​ដឹង​ថា ឈើ​នោះ​ជា​ឈើ​ខុស​ច្បាប់ ឬ​យ៉ាង​ណា​នោះ​ទេ។
លោក ឃិន វណ្ណៈ នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ សណ្តាន់ បាន​មាន​ប្រសាសន៍​ថា មិន​មាន​សហគមន៍​រាយការណ៍​សុំ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​កាប់​ឈើ​នេះ​ទេ៕   ភ្នំពេញប៉ុស្តិ៍

0 comments:

Post a Comment