ក្រុមសមត្ថកិច្ចឈរយាមការពារមិនអនុញ្ញាតឲ្យក្រុមកម្មកររោងចក្រឃ្យូ.អិម.អាយ (QMI) បិទផ្លូវជាតិលេខ៤ មុខរោងចក្រនាភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសម្ព័ន្ធពិភពលោក ដើម្បីការចូលរួមរបស់ប្រជាពលរដ្ឋ (CIVICUS) បានថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបដិសេធទទួលយកអនុសាសន៍ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ដែលរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ បានផ្តល់ទៅរដ្ឋាភិបាលក្នុងអំឡុងពេលត្រួតពិនិត្យជាសកល តាមពេលវេលាកំណត់ ឬហៅកាត់ជាភាសាអង់គ្លេសថា យូ.ភី.អ (UPR) លើកទី២របស់កម្ពុជា។
លិខិតថ្កោលទោសនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៦ មិថុនា បញ្ជាក់ថា យូ.ភី.អ គឺជាដំណើរការដែលរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ ទទួលការពិនិត្យលើរបាយការណ៍សិទ្ធិមនុស្សរបស់ប្រទេសនីមួយៗ ហើយកម្ពុជា បានបញ្ចប់ការត្រួតពិនិត្យលើកទី២របស់ខ្លួនរួចរាល់ហើយ កាលពីដើមឆ្នាំ។ សម្រាប់ឆ្នាំនេះ មានអនុសាសន៍សរុប២០៦ ត្រូវបានផ្តល់ទៅកាន់គណៈប្រតិភូកម្ពុជា។ ប៉ុន្តែ ក្នុងនោះមានអនុសាសន៍១៦៤ ទទួលបានការគាំទ្រពីរដ្ឋាភិបាល។ ដោយឡែកអនុសាសន៍៣៨ទៀត រដ្ឋាភិបាលកម្ពុជា បានសម្រេច កត់សម្គាល់ ឬមានន័យថា មិនប្ដេជ្ញាចិត្តចំពោះការអនុវត្តនូវអនុសាសន៍ទាំងនោះទេ ពិសេសបានបដិសេធទៅលើអនុសាសន៍ចំនួន៤។
អនុសាសន៍ដែលរដ្ឋាភិបាល កត់សម្គាល់ និងបដិសេធ នោះ គឺពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មលើមាត្រាច្បាប់ ស្ដីពីរបបសារព័ត៌មាន និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីបទបរិហារកេរ្តិ៍ ដែលធានានូវឯករាជ្យភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងច្បាប់ស្ដីពីអ៊ីនធឺណិត ដែលអនុលោមតាមបទដ្ឋានច្បាប់អន្តរជាតិ។ អនុសាសន៍ដែលពាក់ព័ន្ធនឹងការគោរពសេរីភាពខាងការជួបប្រជុំ និងការស៊ើបអង្កេតលើការប្រើប្រាស់កម្លាំងពុំសមាមាត្រទៅលើក្រុមបាតុករ និងអនុសាសន៍ធានាឲ្យមានបរិយាកាសសមស្របសម្រាប់សកម្មជនសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងតួអង្គសង្គមស៊ីវិលដទៃទៀត ក៏រដ្ឋាភិបាលមិនទទួលយកដែរ។
អនុសាសន៍ផ្សេងទៀតដែលរដ្ឋាភិបាលមិនទទួលយក គឺពាក់ព័ន្ធទៅនឹងការឃុំខ្លួនបណ្ដោះអាសន្ន មុនពេលសវនាការបង្កើតយន្តការថ្នាក់ជាតិការពារទណ្ឌកម្ម ការផ្តល់សច្ចាប័នទៅលើពិធីសារតាមជម្រើសនៃសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។
រីឯអនុសាសន៍ដែលរាជរដ្ឋាភិបាលព្រមទទួលយកនោះ គឺការបង្កើនកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ការលុបបំបាត់ការរើសអើងដោយផ្នែកលើយេនឌ័រ ជាតិសាសន៍ និងសញ្ជាតិ និងការធ្វើឲ្យប្រសើរឡើងចំពោះលក្ខខណ្ឌនៃការឃុំខ្លួន ការលុបបំបាត់ពលកម្មកុមារ ពង្រឹងឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងប្រព័ន្ធផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិ៕
0 comments:
Post a Comment