សម័យមហានគរ គឺជាសម័យកាលមួយ ដែលប្រទេសកម្ពុជា
រីកចម្រើនដល់កំពូល លើគ្រប់វិស័យ
ក្រោមការដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ ។
លោតទៅ៖ ទិសដៅ, ស្វែងរក
អត្ថបទនេះគឺជាផ្នែកបន្តបន្ទាប់គ្នាមួយលើ
ប្រវត្តិសាស្ត្រកម្ពុជា
ប្រវត្តិសាស្ត្រដើមដំបូង
នគរវ្នំ
នគរកម្ពុជា រឺ ចេនឡា
(ទឹកលិច-ដីគោក)
សង្គមសម័យមហានគរ
សង្គមសម័យមហានគរ
ប្រជាជនសម័យមហានគរចែកជាបី៖
ក្រុមសាសនា មាន ព្រាហ្មណ៍ និងបព្វជិត
ក្រុមអ្នកធ្វើចម្បាំង មានក្សត្រ និងនាម៉ឺន
ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ … ។
ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស ។
ប្រាសាទនីមួយៗមានអ្នកបម្រើ អ្នកការពារ
និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់ ។
មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង
និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។
របៀបគ្រប់គ្រងប្រទេស
ក. លក្ខណៈនៃការគ្រប់គ្រង
ការគ្រប់គ្រងនាសម័យមហានគរ ធ្វើទៅតាមទស្សនៈសាសនាព្រាហ្មណ៍ ។
ព្រះមហាក្សត្រជាអាទិទេព បែងភាគចុះមកគ្រប់គ្រងមនុស្សលោក ។
ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដីទៀត ។
មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រជាមេទ័ពដ៏ខ្លាំងក្លាផងដែរ ។
ខ. ការរៀបចំរដ្ឋបាល
សម័យមហានគរ កម្ពុជាជាប្រទេសសក្ដិភូមិមួយមានមន្ត្រីច្រើន ។
អំណាចគ្រប់គ្រងត្រូវបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ ។
ព្រះរាជាជាម្ចាស់ផែនដី ឆ្លងតាមលទ្ធិទេវរាជ
អំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព ព្រះអង្គមានសិទ្ធិលើដីធ្លីទាំងអស់
ព្រះអង្គជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់ អាចជ្រើសតាំង
និងដកហូតមន្ត្រីធំៗតាមព្រះទ័យ ។ ទ្រង់ជាមេបញ្ជាការទ័ពផ្ទាល់
ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង។
អន្តោប្រវេសន៍
ក.ជនជាតិសៀម
សៀមជាជនជាតិមួយ រស់នៅតំបន់យូណានប្រទេសចិន។ នៅសតវត្សទី៨
ពួកសៀមបានបង្កើតរដ្ឋមួយឈ្មោះថាណានចាវ ។ ពេលនោះរដ្ឋអំណាចចិន
មិនសប្បាយចិត្តនឹងរដ្ឋណានចាវនេះ
ហើយបានធ្វើការបុករុកឲ្យជនជាតិនេះរត់ភៀសខ្លួនចូលមកក្នុងដែនដីឥណ្ឌូចិនបន្តិចម្ដងៗ
។ ក្រោយពីការបែកបាក់រដ្ឋណានចាវ និងការរាតត្បាតអំពីពួកម៉ុងហ្គោលនៅស.វ.ទី១៣
ជនជាតិសៀម បានរុលចុះមកតំបន់ឥណ្ឌូចិនកាន់តែច្រើនឡើងៗ
ហើយបង្កើតបានជាកុលសម្ព័ន្ធតូចៗរស់នៅលើដែនដីខ្មែរ ភាគខាងលិច និងពាយ័ព្យ។
នៅចុងសតវត្សទី១៣ ពួកសៀមបានបង្កើតរដ្ឋឯករាជ្យមួយឡើង រួចចាប់ផ្ដើមគំរាមកំហែង
បូរណភាពទឹកដីខ្មែរតាំងតែពីពេលនោះមក ជាប់ឥតដាច់រហូតមកដល់ បច្ចុប្បន្ននេះ ។
ខ. ជនជាតិចាម
ចាម ជាជនជាតិមួយរស់នៅតាមបណ្ដោយឆ្នេរខាងកើតជ្រោយឥណ្ឌូចិន ។
នៅសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានបង្កើតរដ្ឋមួយឈ្មោះថា ចម្ប៉ា។
បច្ចុប្បន្ន រដ្ឋនេះបានបាត់បង់ព្រោះវៀតណាមរាតត្បាតយកបានទាំងស្រុង ។
ទំនាក់ទំនងនឹងប្រទេសជិតខាង
ក. ទំនាក់ទំនងជាមួយសៀម
ពួកកុលសម្ព័ន្ធសៀមបានជ្រៀតចូលមករស់
នៅលើទឹកដីរបស់ខ្មែរតាំងពីសតវត្សទី៩មកម្ល៉េះ ។ នៅចុងសតវត្សទី១៣
ពួកកុលសម្ព័ន្ធសៀមពីរក្រុម បានបង្កើតរដ្ឋឯករាជ្យពីរ
មួយនៅតាមដងទន្លេមេណាមឈ្មោះ សុខោទ័យ និងរាជធានីឆៀងសែន នៅទន្លេមេគង្គ ។
ការកកើតរដ្ឋសៀមទាំងពីរនេះ
បានបញ្ចប់អំណាចត្រួតត្រារបស់ខ្មែរនៅលើទឹកដីនៃដងទន្លេអាណាម និងខ្ពង់គោរាជ ។
នៅឆ្នាំ១២៨៣ ពួកសៀមចាប់ផ្ដើមឈ្លានពានខ្មែរ ។ នៅពាក់កណ្ដាលសតវត្សទី១៤
រដ្ឋសៀមទាំងពីរ បានបង្រួបបង្រួមគ្នាជារដ្ឋឯកភាពមួយ
ដោយមានរាជធានីឈ្មោះអយុធ្យា ។ ចាប់ពីឆ្នាំ១៣៥១
ស្ដេចក្រុងអយុធ្យាបានលើកទ័ពមកវាយក្រុងអង្គរជាញឹកញាប់
ព្រមទាំងបានកាន់កាប់ក្រុងនេះផង ។ ដោយសៀមចេះតែលើកទ័ពមកគំរាមកំហែងខ្លាំងពេក
ហើយពេលយកជ័យជម្នះលើកងទ័ពសៀមរួចមក ព្រះបាទពញាយ៉ាតជាព្រះមហាក្សត្រខ្មែរ
ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរនៅឆ្នាំ១៤៣១ ។
ខ. ទំនាក់ទំនងជាមួយចាម
នៅដើមសម័យអង្គរ
ប្រទេសចម្ប៉ាបានលើកទ័ពចូលមកលុកលុយប្រទេសកម្ពុជាញឹកញាប់តាមជើងគោកផង
តាមជើងទឹកផង ។ ពេលចូលមកលុកលុយប្រទេសកម្ពុជាម្ដងៗ
ពួកចាមបានឆក់ប្លន់ទ្រព្យសម្បត្តិ
និងដុតផ្ទះសម្បែងរបស់ប្រជារាស្ត្រខ្មែរជារៀងរាល់លើក ។
ពេលនោះកងទ័ពខ្មែរបានដេញកម្ចាត់ចាមឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅវិញជាបន្តបន្ទាប់
។ ព្រះមហាក្សត្រខ្មែរ ទ្រង់បានច្បាំងនឹងចាមជាច្រើនដង
ដោយវាយយកនគរចាមដាក់ជាចំណុះ និងឲ្យចាមនាំសួយសារអាករមកថ្វាយព្រះអង្គ ។
ចាប់ពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២(១១១៣ – ១១៦២)
រហូតដល់ព្រះបាទជ័យវរ្ម័នទី៧(១១៨១ – ១២១៨)
ខ្មែរនិងចាមបានធ្វើសង្គ្រាមសងសឹកគ្នាជាញឹកញាប់ ។
នៅឆ្នាំ១១៤៥ ព្រះបាទសូរ្យវរ្ម័នទី២បានលើកទ័ពទៅវាយយកប្រទេសចាមដាក់ជានគរចំណុះ
។ ឆ្នាំ១១៧៧ ឆ្លៀតពេលដែលប្រទេសកម្ពុជាមានភាពវឹកវរ
ចាមបានលើកទ័ពចូលមកកម្ទេចទីក្រុងអង្គរ ធ្វើគុតព្រះមហាក្សត្រខ្មែរ
ហើយដាក់ប្រទេសកម្ពុជាជាចំណុះវិញ ។
ព្រះបាទជ័យវរ្ម័នទី៧រំដោះទីក្រុងអង្គរបានពីចាមមកវិញនៅឆ្នាំ១១៨១ ។ ក្រោយមក
កងទ័ពខ្មែរបានវាយយកប្រទេសចាមដាក់ជាអាណាខេត្តរបស់ខ្មែរអស់ពេលដ៏យូរ ។
ការរៀបចំក្រុងអង្គរ
ក្រោយពីរំដោះប្រទេសរួចពីជ្វា ព្រះបាទជ័យវរ្ម័នទី២(៨០២)
បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាបដែលមានលក្ខណៈអំណោយផលល្អខាងកសិកម្ម
និងជាតំបន់ចំកណ្ដាលព្រះរាជាណាចក្រដែលមានគមនាគមន៍តាមផ្លូវទៅតំបន់នគររាជ
និងគមនាគមន៍តាមផ្លូវទឹកទៅកំពង់ផែអូរកែវដើម្បីកសាងរាជធានី ។ ចាប់ពីពេលនោះមក
ព្រះរាជារបស់ខ្មែរបានកំណត់យកតំបន់នោះធ្វើជាទីតាំងរាជធានីរហូតដល់ស.វ.ទី១៥ ។
ការរៀបចំក្រុងអង្គរ
ដោយការប្រារព្ធពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។
រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាឡទាំងមូល៖
ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាឡ
កំពែងនិងគូទឹកជានិមិត្តរូបនៃជួរភ្នំ
និងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ
ហើយប្រាសាទភ្នំសម្រាប់តម្កល់លិង្គទេវរាជ។
ប្រាសាទភ្នំមួយសម្រាប់តែព្រះរាជាមួយព្រះអង្គ លុះទ្រង់ចូលទីវង្គត ប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ ។
ព្រះបាទយសោវរ្ម័នទី១(៨៨៩ –
៩០០)បានលើករាជធានីទៅតាំងនៅខាងជើងតំបន់រលួសដោយយកភ្នំបាខែងធ្វើជាស្នូលនៃរាជធានីយសោធរបុរៈ
។ ព្រះអង្គឲ្យគេសង់ប្រាសាទភ្នំបាខែងសម្រាប់ធ្វើពិធីទេវរាជ ។
ការរីកលូតលាស់នៃទីក្រុង
គេចែកការរីកចម្រើនសម័យអង្គរជាបីដំណាក់៖
ដំណាក់ទី១ ពីឆ្នាំ៨០២ ដល់ ៩៤៤
ដំណាក់ទី២ ពីឆ្នាំ៩៤៤ ដល់ ១១៧៧
ដំណាក់ទី៣ ពីឆ្នាំ១១៨១ ដល់ ១២១៨។
អង្គរចាប់ផ្ដើមរីកលូតលាស់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១
រហូតដល់ចុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ។ រវាងឆ្នាំ៩៤៤ – ៩៦៨
ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានបង្រួបបង្រួម និងអភិវឌ្ឍរាជាណាចក្រកម្ពុជា ។
ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២(១១១៣ – ១១៦២)
ក្រៅពីធ្វើសង្គ្រាមពង្រីកទឹកដី ទ្រង់បានកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។
បន្ទាប់មក ក្រោយពីកម្ចាត់ចាមឈ្លានពានរួច នៅឆ្នាំ១១៨១
ព្រះបាទជ័យវរ្ម័នទី៧ទ្រង់បានកសាងប្រាសាទបាយ័នមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញកំពស់៨ម៉ែត
មានប្រវែង៣គីឡូម៉ែតក្នុងមួយជ្រុងៗ ។
មូលហេតុនៃការរីកលូតលាស់
ប្រាសាទភ្នំត្រូវបានកសាងឡើង សម្រាប់តែព្រះរាជាមួយព្រះអង្គប៉ុណ្ណោះ ។
ពេលទ្រង់កំពុងសោយរាជ្យ ព្រះរាជាយាងទៅធ្វើពិធីទេវរាជ ។
ពេលទ្រង់ចូលទីវង្គតប្រាសាទនោះ ក៏ក្លាយជាផ្នូរផ្ទាល់ព្រះអង្គតែម្ដង ។
ចំពោះព្រះរាជាដែលសោយរាជ្យបន្ទាប់មកទៀត ត្រូវខិតខំកសាងប្រាសាទភ្នំថ្មីមួយទៀត
។ គេសង្កេតឃើញប្រាសាទភ្នំដែលសង់នៅពេលក្រោយៗ ភាគច្រើនធំៗជាមុន ។
ការណ៍នេះបង្ហាញថា៖ ព្រះរាជាសោយរាជ្យបន្ត
រមែងចង់បង្ហាញមហិទ្ធិឫទ្ធិរបស់ខ្លួនថា
ជាព្រះរាជាអាទិទេពខ្លាំងពូកែជាងព្រះរាជាមុនៗ ។
ចាប់ពីចុងសតវត្សទី៩ ដល់ចុងសម័យអង្គរ
បុព្វបុរសខ្មែរយើងបានកសាងប្រាសាទជិត២០០០ប្រាសាទ ។
តែដោយឡែកលើទឹកដីកម្ពុជាបច្ចុប្បន្ន តាមស្ថិតិសារមន្ទីរជាតិភ្នំពេញ
គេរាប់ឃើញតែ១០៧០ប្រាសាទប៉ុណ្ណោះ ហើយក្រៅពីនេះគេឃើញមាននៅប្រទេសសៀម ប្រទេសឡាវ
និងប្រទេសយួនទៀតផង ។
ការតម្រង់ទិសការអភិវឌ្ឍ
តំបន់ខាងជើងបឹងទន្លេសាបជាតំបន់អំណោយផលដល់កសិកម្ម
ដែលធ្វើឲ្យព្រះរាជាខ្មែរយកព្រះទ័យទុកដាក់ដល់ប្រព័ន្ធធារាសាស្ត្រជានិច្ច
ព្រោះសម័យនោះការកសាងបារាយណ៍ជាគូនឹងការកសាងប្រាសាទ ។
ព្រះបាទឥន្ទ្រវរ្ម័នទី១(៨៧៧ – ៨៨៩) ទ្រង់បានបញ្ជាឲ្យជីកបារាយណ៍មួយជើងរាជធានីគឺបារាយណ៍ឥន្ទ្រតដាក មានបណ្ដោយ៣០០០ម៉ែត និងទទឹង៨០០ម៉ែត ។
ព្រះបាទយសោវរ្ម័នទី១(៨៨៩ – ៩០០) ក្រោយពីកសាងរាជធានីហើយ ព្រះអង្គបានបញ្ជាឲ្យជីកបារាយណ៍មួយមានឈ្មោះថា បារាយណ៍យសោធរតដាក ។
ផ្សេងពីនេះគេឃើញមាន បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិចដែលមានបណ្ដោយ៨គីឡូម៉ែត
និងទទឹង២,២ម៉ែត ។ ការកសាងសំណង់ធារាសាស្ត្រដោះស្រាយបញ្ហាទឹក
នាំឲ្យមានការអភិវឌ្ឍសង្គមខាងកសិកម្មគមនាគមន៍ សុខាភិបាល និងសិក្សាធិការ … ៕
0 comments:
Post a Comment