មន្ទីរពេទ្យរុស្ស៊ីនឹងព្យាបាលជំងឺបាតភ្នែកសម្រាប់អ្នកទឹកនោមផ្អែមដោយឥតបង់ថ្លៃ
គ្រូពេទ្យភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ជូនដំណឹងថា នៅមន្ទីរពេទ្យនេះនឹងមានផ្ដល់ការពិនិត្យព្យាបាលជំងឺបាតភ្នែក សម្រាប់អ្នកកើតទឹកនោមផ្អែមដោយឥតបង់ថ្លៃរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃពុធ ទី១៨ ដល់ថ្ងៃសុក្រ ទី២០ ខែមិថុនា។
គ្រូពេទ្យផ្នែកជំងឺភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត អ្នកស្រីវេជ្ជបណ្ឌិត ឱ ធីតា ថ្លែងថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកឥតបង់ថ្លៃនេះ គឺជាកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកមកពីប្រទេសអូស្ត្រាលី។
គ្រូពេទ្យជំនាញឯកទេសផ្នែកជំងឺបាតភ្នែក លោកវេជ្ជបណ្ឌិត សាលី ធារិទ្ធ មានប្រសាសន៍ថា ជំងឺបាតភ្នែកដែលជួបភាគច្រើនជាផលវិបាករបស់ជំងឺទឹកនោមផ្អែម។ លោកបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺបាតភ្នែកឥតបង់ថ្លៃរយៈពេល ៣ថ្ងៃនេះ គឺកំណត់ត្រឹមតែ ២០នាក់ទេក្នុងមួយថ្ងៃ៖ «ចំនួនដែលយើងត្រូវពិនិត្យហ្នឹងមានកំណត់ ព្រោះអ្នកជំងឺត្រូវការពេលយូរ ចំណាយពេលយូរក្នុងការពិនិត្យ ហើយពេលហ្នឹងរង់ចាំ។ អ៊ីចឹងមួយថ្ងៃអាចពិនិត្យយ៉ាងច្រើនបានតែ ២០នាក់ទេ សម្រាប់អ្នកជំងឺទឹកនោមផ្អែមបាតភ្នែក ព្រោះយើងមិនអាចមកដូចជំងឺឡើងបាយវះស្រួលៗទេ។ អាហ្នឹងពិបាក ព្រោះត្រូវការពេលពិនិត្យហ្នឹងជាងជំងឺភ្នែកទូទៅធម្មតា»។
អ្នកស្រីវេជ្ជបណ្ឌិត ឱ ធីតា ថ្លែងថា ជាធម្មតាថ្លៃព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរសម្រាប់ជំងឺបាតភ្នែកនេះ មានតម្លៃ ៥០ដុល្លារ។ ប៉ុន្តែ នៅក្នុងរយៈពេល ៣ថ្ងៃ ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ សប្ដាហ៍នេះ គឺមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រុមគ្រូពេទ្យឯកទេសនឹងផ្ដល់ជូនដោយឥតបង់ថ្លៃ៕
0 comments:
Post a Comment