មន្ត្រីក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺឆ្លងប្រភេទថ្មី H7N9 និងជំងឺផ្លូវដង្ហើមនៅមជ្ឈឹមបូព៌ា ខណៈដែលជំងឺនេះ កំពុងរាតត្បាតធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង។
ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រភេទជំងឺថ្មី H7N9 នៅមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២៣ ខែមិថុនានេះថា ជំងឺឆ្លងប្រភេទថ្មី H7N9 និងជំងឺផ្លូវដង្ហើមនៅមជ្ឈឹមបូព៌ា គឺជាប្រភេទជំងឺថ្មីមួយ ដែលពិភពលោកកំពុងមានការព្រួយបារម្ភជាខ្លាំង។ លោកថា ជំងឺប្រភេទថ្មីនេះ មានអាការៈដូចជា គ្រុនក្តៅ ក្អក រងារញាក់ ឈឺបំពង់ក ឈឺសាច់ដុំ និងឈឺសន្លាក់ជាដើម ហើយជំងឺនេះ មិនទាន់មានអ្នកវិទ្យាសាស្ត្រ អាចរកវិធីព្យាបាលបានឡើយ គឺមានតែវិធីបង្ការប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះជំងឺទាំងពីរប្រភេទនេះ ដោយប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីជៀសវាងការរាតត្បាតធ្ងន់ធ្ងរ និងត្រូវបង្ការជំងឺនេះ តាមរយៈការលាងដៃនឹងសាប៊ូ ក្រោយចាប់កាន់សត្វ និងជៀសវាងការប៉ះពាល់សត្វឈឺជាដើម ហើយការបរិភោគសត្វឆៅ មិនទាន់ឆ្អិនល្អ ឫទឹកដោះគោ ក៏អាចប្រឈមខ្ពស់ចំពោះជំងឺនេះផងដែរ។
ជំងឺផ្តាសាយប្រភេទថ្មី H7N9 បានរកឃើញដំបូងគេនៅប្រទេសចិន កាលពីឆ្នាំ២០១៣ ដែលភាគច្រើនឆ្លងទៅលើមនុស្សចាស់ អាយុចាប់ពី៥០ឆ្នាំឡើងទៅ ហើយ៦៧ភាគរយជាបុរស។ ចំណែកជំងឺផ្លូវដង្ហើមនៅមជ្ឈឹមបូព៌ាវិញ គឺជាជំងឺផ្លូវដង្ហើម ដែលរកឃើញមុនគេបង្អស់នៅប្រទេសអារ៉ាប៊ីសាអូឌី បន្ទាប់មកបានរាតត្បាតដល់ប្រទេសអឺរ៉ុប អាហ្រ្វិក និងអាស៊ី។ វីរុសនេះ បានរកឃើញនៅលើសត្វអូដ្ឋ និងសត្វប្រចៀវ ដែលនឹងអាចបណ្តាលឲ្យមានរោគសញ្ញាពី ស្រាលទៅធ្ងន់ និងអាចវិវត្តន៍ទៅជាជំងឺសា(Sars)៕
0 comments:
Post a Comment