Gmail គឺជាសេវាកម្ម សារអេឡិចត្រូនិចដ៏ឈានមុខគេមួយនាពេលបច្ចុប្បន្ននេះ ដែលមនុស្សរាប់ពាន់លាននាក់កំពុងតែប្រើប្រាស់។ Gmail មិនត្រឹមតែមានរចនាបថសាមញ្ញ ល្បឿនលឿន និងមានលក្ខណៈទូលំទូលាយតែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏បង្កភាពងាយស្រួលដល់ប្រជាជនទូទាំងពិភពលោកផងដែរ ក្នុងការប្រើប្រាស់ជាភាសាផ្សេងៗទៅតាមតំបន់។ នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Google បានបន្ថែមភាសាទៅក្នុងសេវាកម្ម Gmail នេះចំនួន 13 ភាសាបន្ថែមទៀត ហើយអ្វីដែលជាដំណឹងល្អបំផុតសម្រាប់ប្រជាជនកម្ពុជាយើងនោះ វាក៏មានភ្ជាប់មកជាមួយភាសាខ្មែរផងដែរ។
អ្នកដែលកំពុងតែប្រើប្រាស់សេវាកម្ម Gmail នៅលើកុំព្យូទ័រ រឺទូរស័ព្ទដៃនិងថេប្លេត ជាលក្ខណៈ Desktop Mode (លក្ខណៈកុំព្យូទ័រ) ប្រាកដជាភ្ញាក់ផ្អើលនិងជម្រើសថ្មីនៅក្នុងការប្រើប្រាស់ Gmail ដែលមានលក្ខណៈជាភាសាខ្មែរ។ អ្នកទាំងអស់គ្នាអាចចូលទៅផ្លាស់ប្តូរភាសាបានដោយ បើកវេបសាយនេះ រឺក៏ចូលទៅកន្លែង Setting ហើយផ្លាស់ជ្រើសរើសយកភាសាខ្មែរ ដែលស្ថិតនៅក្រោមគេ និងចុចរក្សាទុក (Save) ជាការស្រេច។ បន្ទាប់ពីផ្លាស់ប្តូរភាសាហើយ អ្នកទាំងអស់គ្នាប្រាកដជាឃើញចំណុចទាំងអស់នៃសេវាកម្ម Gmail នឹងបង្ហាញជាភាសាខ្មែរតែម្តង ដែលនេះគឺជាភាពងាយស្រួលបំផុតមួយសម្រាប់ប្រជាជនកម្ពុជាណាម្នាក់ ដែលមិនចេះភាសាអង់គ្លេស។
គូសបញ្ជាក់ផងដែរថា មកដល់ពេលបច្ចុប្បន្ននេះ ភាសាដែលមាននៅលើ Gmail គឺមានចំនួន 71 ភាសាហើយ ដែលមានដូចជាភាសាអាហ្វ្រិក, អាមិននៀ, អាហ្សេបៃហ្សង់, ចិននៅហុងកុង ជាដើម។ ការដាក់បញ្ចូលភាសាខ្មែរនៅលើ Gmail នេះ គឺជាដំណឹងល្អថ្មីមួយទៀតហើយរបស់ Google សម្រាប់ប្រជាជនកម្ពុជាយើង ព្រោះអី Google ក៏បានដាក់បញ្ជូលពុម្ពអក្សរខ្មែរ ក្តារចុចខ្មែរ និងភាសាខ្មែរចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ Android ដែរ។ ទន្ទឹមនឹងនេះដែរ Google ក៏ទើបតែដាក់បញ្ចូលតំបន់អង្គរទៅក្នុង Street View របស់ខ្លួនផងដែរ ដូច្នេះយើងអាចដើរទស្សនាតំបន់អង្គរបានដោយផ្ទាល់នៅលើទូរស័ព្ទ រឺកុំព្យូទ័ររបស់អ្នក។
សូមចូលរួមអភិរក្ស និងគាំទ្រនូវភាសាជាតិរបស់យើងទាំងអស់គ្នា ដោយប្រើប្រាស់ភាសាខ្មែរអោយធំទូលំទូលាយជាងមុន ដូចជាការប្រើប្រាស់អ៊ីម៉ែលជាភាសាខ្មែរនេះ រឺក៏ទំនាក់ទំនងជាមួយមិត្តភក្កិជាភាសាខ្មែរជាដើម។ ការប្រើប្រាស់ភាសាខ្មែរនៅលើអ៊ីម៉ែលនេះ ដូចជាមានភាពលំបាកបន្តិចនៅពេលដំបូងប៉ុន្តែអ្នកទាំងអស់គ្នានឹងស៊ាំក្នុងការប្រើប្រាស់ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន។
ប្រភពៈ Gmail
0 comments:
Post a Comment